ជីវិតពេញបរិបូរ
កាលពីឆ្នាំ១៩១៨ ពេលដែលសង្រ្គាមលោកលើកទី១ជិតចប់ លោកអេរិក អេនស្រ្តម(Eric Enstrom) ដែលជាជាងថត បានប្រមូលរូបថតដែលគាត់បានថត ក្នុងពេលកន្លងមក។ គាត់ចង់រាប់បញ្ចូលទាំងរូបថត ដែលឆ្លុះបញ្ចាំង អំពីអត្ថន័យនៃភាពពេញលេញ នៅក្នុងពេលដែលមនុស្សជាច្រើនមានអារម្មណ៍ថា កំពុងតែមានការខ្វះខាតយ៉ាងខ្លាំង។ សព្វថ្ងៃនេះ មនុស្សជាច្រើនចូលចិត្តរូបថតគាត់ណាស់។ ក្នុងរូបថតនោះ គេឃើញរូបតាចាស់ម្នាក់ដែលមានពុកមាត់ស្រម៉ូម កំពុងតែអង្គុយឈ្ងោក ហើយដៃសង្រួមចូលគ្នា ដើម្បីអធិស្ឋាន។ នៅពីមុខគាត់ គឺគ្មានអ្វីក្រៅពីសៀវភៅមួយក្បាល វ៉ែនតាមួយ បបររាវៗមួយចាន នំប៉័ងមួយដុំ និងកាំបិតមួយ។ ពោលគឺគាត់មានតែប៉ុណ្ណឹងឯង។
អ្នកខ្លះប្រហែលជានិយាយថា រូបថតនេះបានបង្ហាញពីភាពខ្វះខាត។ ប៉ុន្តែ លោកអេស្រ្តមចង់បង្ហាញអត្ថន័យដែលផ្ទុយពីនេះ។ គាត់ចង់ប្រាប់គេថា បុរសនោះកំពុងតែមានជីវិតរស់នៅដ៏ពេញលេញ ដោយសារគាត់មានជីវិតដែលដឹងគុណព្រះសម្រាប់គ្រប់ការទាំងអស់។ យើងក៏អាចមានជីវិតដូចគាត់ផងដែរ ទោះយើងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ ព្រះយេស៊ូវបានប្រកាស់ដំណឹងល្អ នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១០ថា ព្រះអង្គបានយាងមកដើម្បីឲ្យយើងមានជីវិតដែលពេញបរិបូរ(ខ.១០)។ កាលណាយើងគិតថា ភាពពេញលេញនោះ គឺជាការមានទ្រព្យសម្បត្តិច្រើន នោះមានន័យថាយើងកំពុងតែមានការយល់ខុស ចំពោះដំណឹងល្អរបស់ព្រះអង្គហើយ។ ភាពពេញលេញដែលព្រះយេស៊ូវបានមានបន្ទូលនេះ គឺមិនអាចវាស់ តាមស្តង់ដារបស់លោកិយ ដែលមានដូចជាភាពសម្បូរសប្បាយ ឬអចលនទ្រព្យនោះឡើយ ប៉ុន្តែ ត្រូវវាស់ស្ទង់តាមផ្លូវចិត្ត គំនិត វិញ្ញាណ និងកម្លាំងដែលចម្រើនឡើង ដោយការដឹងគុណ ចំពោះព្រះដែលជាអ្នកគង្វាលដ៏ល្អ ដែលបានលះបង់ “ព្រះជន្មទ្រង់ សម្រាប់ចៀម”(ខ.១១)…
ជីវិតដែលមានទម្លាប់ច្រៀងសរសើរព្រះ
ម្តាយរបស់លោកវ៉លលេស ស្ទេកន័រ(Wallace Stegner) បានលាចាកលោក ក្នុងអាយុ៨០ឆ្នាំ។ ពេលដែលលោកវ៉លលេសមានអាយុ៨០ឆ្នាំ ទីបំផុតគាត់ក៏បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅម្តាយគាត់ ទោះវាបានយឺតពេលទៅហើយក្តី។ នៅក្នុងសំបុត្រនោះ គាត់បានសរសើរចរិយាសម្បត្តិរបស់ម្តាយគាត់ដែលជាស្រ្តី បានរៀបការ និងចិញ្ចឹមកូនប្រុសពីរនាក់ ក្នុងភាពយ៉ាប់យឺនយ៉ាងខ្លាំង នៅភាគខាងលិចនៃសហរដ្ឋអាមេរិក។ ម្តាយរបស់គាត់ជាឧត្តមភរិយា និងម្តាយ ដែលចូលចិត្តលើកទឹកចិត្តអ្នកដទៃ ទោះពួកគេជាមនុស្សដែលគេមិនចង់រាប់អានក៏ដោយ។ លោកវ៉លលេសបាននឹកចាំ អំពីកម្លាំងដែលម្តាយរបស់គាត់បានបង្ហាញចេញមក តាមរយៈការបន្លឺសម្លេងច្រៀងសរសើរដំកើងព្រះ។ គឺដូចដែលលោកវ៉លលេសបានសរសេរថា “អ្នកម្តាយតែងតែស្វែងរកឱកាសច្រៀងសរសើរដំកើងព្រះជានិច្ច”។ ដរាបណាម្តាយរបស់គាត់នៅមានជីវិត ម្តាយរបស់គាត់បានបន្លឺសម្លេងច្រៀង ដោយការដឹងគុណព្រះ សម្រាប់ព្រះពរទាំងតូចទាំងធំ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានស្វែងរកឱកាសច្រៀងសរសើរដំកើងព្រះផងដែរ។ គាត់ច្រៀងនៅពេលដែលគាត់ជួបរឿងល្អ ក៏ដូចជានៅពេលដែលគាត់ជួបរឿងអាក្រក់។ គាត់មិនបានច្រៀងដោយបង្ខំចិត្ត តែគាត់បានច្រៀង ដោយចិត្តដែលចង់ ឆ្លើយតប ចំពោះ “ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី”(១៤៦:៦) និងបានប្រទានអាហារដល់អ្នកស្រេកឃ្លាន(ខ.៧) និង “ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ”(ខ.៨) ហើយ “បានចិញ្ចឹមក្មេងកំព្រា និងស្រ្តីមេម៉ាយ”(ខ.៩)។ ការច្រៀងសរសើរដំកើងព្រះ គឺជាទម្លាប់នៃការរស់នៅដ៏ល្អ ដែលជួយឲ្យយើងមានកម្លាំងឡើង ខណៈពេលដែលយើងទុកចិត្តលើព្រះរបស់លោកយ៉ាកុប ដែលមានព្រះទ័យស្មោះត្រង់ជារៀងរហូត(ខ.៥-៦)។
ដែលយើងមានសម្លេងពិរោះឬអត់ គឺមិនមែនជាបញ្ហាឡើយ។ អ្វីដែលសំខាន់នោះ គឺយើងច្រៀងដើម្បីឆ្លើយតប ចំពោះសេចក្តីល្អដ៏ស្ថិតស្ថេររបស់ព្រះជាម្ចាស់ ដែលជាទម្លាប់នៃការរស់នៅដ៏ល្អ។ សូមយើងច្រៀងសរសើរដំកើងព្រះ នៅក្នុងចិត្តយើងផងដែរ។—JOHN BLASE
កុំភ្លេចអ្នកឲ្យ
មុនពេលដែលថ្ងៃណូអែលមកដល់ ស្រ្តីម្នាក់មានបញ្ហាជាមួយកូនៗរបស់គាត់ ដោយសារពួកគេមិនមានការដឹងគុណ។ គាត់ដឹងថា កូនរបស់គាត់ងាយនឹងមានផ្នត់គំនិតបែបនេះ ប៉ុន្តែ គាត់ក៏ចង់ឲ្យពួកគេមានការផ្លាស់ប្តូរចិត្តគំនិតឲ្យបានល្អ។ ដូចនេះ គាត់ក៏បានយកបូរពណ៌ក្រហមមកបិទពីលើកុងតាក់ភ្លើង ទ្វារទូចាន និងទូទឹកកក ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនសម្ងួតខោអាវ និងក្បាលរូប៊ីណេ។ បូរនីមួយៗមានភ្ជាប់ក្រដាស់តូចៗមួយសន្លឹក ដែលមានសរសេរអក្សរពីលើថា “យើងងាយនឹងមើលរំលេងអំណោយមួយចំនួន ដែលព្រះប្រទានយើង ដូចនេះ ម៉ាក់ក៏បានយកបូរមកចងពីលើវា។ ព្រះអង្គល្អចំពោះក្រុមគ្រួសារយើងណាស់។ ដូចនេះ ចូរយើងកុំភ្លេចឲ្យសោះថា អំណោយទាំងនោះមកពីណា”។
ក្នុងបទគម្ពីរចោទិយកថា ជំពូក៦ យើងឃើញថា អនាគតរបស់ប្រជាជាតិអ៊ីស្រាអែល គឺបានរាប់បញ្ចូលការចូលកាន់កាប់ទឹកដីដែលមានស្រាប់។ ដូចនេះ ពួកគេនឹងផ្លាស់ទៅចូលរស់នៅ ក្នុងទីក្រុងធំៗ ដែលមានភាពសម្បូរសប្បាយ ដែលពួកគេមិនបានកសាង(ខ.១០) និងចូលទៅក្នុងផ្ទះជាច្រើន ដែលមានរបស់ល្អៗ ដែលពួកគេបានរក ហើយបានទទួលផលពីអណ្តូងទឹក និងចំការទំពាំងបាយជូរ និងដើមអូលីវ ដែលពួកគេមិនបានជីក ឬដាំ(ខ.១១)។ ពួកគេអាចដឹងយ៉ាងងាយថា ព្រះពរទាំងអស់នេះ មានប្រភពតែមួយប៉ុណ្ណោះ គឺ “ព្រះអម្ចាស់ ដែលជាព្រះរបស់ពួកគេ”(ខ.១០)។ ហើយខណៈពេលដែលព្រះជាម្ចាស់បានប្រទានរបស់ទាំងនេះ ដោយសេចក្តីស្រឡាញ់ លោកម៉ូសេចង់ឲ្យពួកគេមានការប្រុងប្រយ័ត្ន គឺមិនត្រូវភ្លេចប្រភពនៃអំណោយទាំងនោះឡើយ(ខ.១២)។
ក្នុងរដូវកាលខ្លះ នៃជីវិតយើង យើងងាយនឹងភ្លេចប្រភពនៃព្រះពរ។ ប៉ុន្តែ ចូរយើងកុំមើលរំលងសេចក្តីល្អរបស់ព្រះ ដែលជាប្រភពនៃព្រះពរទាំងអស់ដែលយើងបានទទួលនោះឡើយ។—JOHN BLASÉ
ទ្រព្យសម្បត្តិដ៏ពិសេសរបស់ព្រះ
សូមយើងស្រមៃថា យើងកំពុងតែនៅក្នុងព្រះរាជវាំងមួយ។ យើងឃើញស្តេចដ៏មានអំណាចមួយអង្គគង់នៅលើបល្ល័ង្ក។ ទ្រង់មានអ្នកបម្រើ និងកងការពារឆ្វេងស្តាំ ដោយម្នាក់ៗខំសម្តែងចេញនូវអាកប្បកិរិយាឲ្យបានល្អបំផុត។ ឧបមាថា មានប្រអប់មួយ នៅទៀបជើងស្តេច។ ស្តេចក៏បានលូកព្រះហស្តចូលទៅក្នុងប្រអប់នោះជាញឹកញប់ ដើម្បីរាវវត្ថុដែលនៅខាងក្នុង។ តើក្នុងប្រអប់នោះមានរបស់អ្វី? គឺវាមានគ្រឿងអលង្កា មាស ត្បូង ដែលស្តេចចូលចិត្ត។ ប្រអប់នោះផ្ទុកទៅដោយទ្រព្យសម្បត្តិ ដែលស្តេចបានជ្រើសរើស ដែលនាំឲ្យទ្រង់សប្បាយព្រះទ័យយ៉ាងខ្លាំង។ តើរឿងនេះបានបង្រៀនអ្នកអ្វីខ្លះ?
ក្នុងភាសាហេព្រើរ គេប្រើពាក្យ សេគូឡាហ៍ ដែលមានន័យថា “របស់ទ្រព្យដ៏ពិសេស”។ គេបានប្រើពាក្យនេះ នៅក្នុងបទគម្ពីរសញ្ញាចាស់ (ដែលមានដូចជា និក្ខមនំ ១៩:៥ ចោទិយកថា ៧:៦ និង ទំនុកដំកើង ១៣៥:៤) សំដៅទៅលើប្រជាជាតិអ៊ីស្រាអែល។ ប៉ុន្តែ ពាក្យដដែលនេះ ក៏ត្រូវបានសាវ័កពេត្រុសប្រើ នៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មីផងដែរ។ ដែលក្នុងនោះ គាត់បានប្រើពាក្យនេះ ដើម្បីពិពណ៌នា អំពី “រាស្រ្តរបស់ព្រះ” ដែលបាន “ទទួលសេចក្តីមេត្តា”(ខ.១០) គឺជាអ្នកជឿព្រះយេស៊ូវ ដែលរាប់បញ្ចូលទាំងសាសន៍យូដា និងសាសន៍ដទៃផងដែរ។ ហើយគាត់បានពិពណ៌នាថា គ្រីស្ទបរិស័ទ គឺជារាស្រ្តដ៏ជាកេរ្តិ៍អាករ ឬជាទ្រព្យសម្បត្តិដ៏ពិសេសរបស់ព្រះ(ខ.៩)។
តើអ្នកនឹងមានចិត្តរំភើបរីករាយយ៉ាងណា ពេលដែលបានដឹងថា ព្រះដែលជាស្តេចនៃស្ថានសួគ៌ ដ៏មានអំណាចចេស្តា បានចាត់ទុកអ្នកជាទ្រព្យសម្បត្តិដ៏ពិសេសរបស់ទ្រង់។ ព្រះអង្គបានរំដោះអ្នក…
ការស្វែងរកជីវិតដែលស្រគត់ស្រគំ
“តើឯងចង់ធ្វើការងារអ្វី ពេលដែលឯងធំឡើង?” នេះជាសំណួរ ដែលយើងរាល់គ្នាសុទ្ធតែធ្លាប់ឮគេសួរយើង កាលនៅក្មេង ហើយជួនកាល ពេលដែលយើងពេញវ័យហើយ គេក៏នៅតែសួរសំណួរនេះដែរ។ សំណួរនេះកើតឡើងពីការចង់ដឹង ហើយជាញឹកញាប់ ចម្លើយដែលគេទទួលបាន ក៏បានបង្ហាញអំពីសេចក្តីប្រាថ្នាដ៏ធំ សម្រាប់ពេលអនាគត។ ចម្លើយរបស់ខ្ញុំបានផ្លាស់ប្តូរពីមួយឆ្នំាទៅមួយឆ្នាំ ដោយពីដំបូងខ្ញុំចាប់ផ្តើមឆ្លើយថា ខ្ញុំចង់ធ្វើជាអ្នកចិញ្ចឹមគោ បន្ទាប់មក ខ្ញុំប្រាប់គេថា ខ្ញុំចង់ធ្វើអ្នកបើកឡានកុងតៃន័រ ក្រោយមក ខ្ញុំថា ខ្ញុំចង់ធ្វើទាហាន ហើយខ្ញុំក៏បានចូលរៀននៅមហាវិទ្យាល័យ ក្នុងការតាំងចិត្តថា ខ្ញុំនឹងក្លាយជាវេជ្ជបណ្ឌិត។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចាំថា ខ្ញុំមិនដែលមាននរណាម្នាក់លើកទឹកចិត្ត ឲ្យខ្ញុំទៅស្វែងរកជីវិតដែលស្រគត់ស្រគំ ឬស្ងៀមស្ងាត់នោះឡើយ ហើយខ្ញុំខ្លួនឯងក៏មិនដែលគិតចង់ស្វែងរកវាដែរ។
ប៉ុន្តែ នោះជាអ្វីដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងថែស្សាឡូនិច។ ទីមួយ គាត់បានជំរុញពួកគេឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយស្រឡាញ់មហាគ្រួសារនៃព្រះកាន់តែខ្លាំងឡើង(១ថែស្សាឡូនិច ៤:១០)។ បន្ទាប់មក គាត់ក៏បានដាស់តឿន ដោយប្រាប់ពួកគេឲ្យខំប្រឹងអស់ពីចិត្ត នៅក្នុងការស្វែងរកជីវិតដែលស្រគត់ស្រគំ ឬស្ងប់ស្ងាត់(ខ.១១)។ ត្រង់ចំណុចនេះ តើសាវ័កប៉ុលចង់មានន័យដូចម្តេច? គាត់បានណែនាំពួកគេ ឲ្យផ្តោតទៅលើកិច្ចការអ្វីដែលពួកគេកំពុងធ្វើ ហើយធ្វើការដោយដៃខ្លួនឯងផង ដើម្បីឲ្យពួកគេបានប្រព្រឹត្តដោយគួរគប្បី ដល់មនុស្សខាងក្រៅ ហើយមិនធ្វើជាបន្ទុកសម្រាប់នរណាម្នាក់(ខ.១១-១២)។ យើងមិនត្រូវបំបាក់ទឹកចិត្តក្មេងៗ មិនឲ្យដេញតាមក្តីស្រមៃរបស់ខ្លួន តាមអំណោយទាន ឬចិត្តឆេះឆួលរបស់ពួកគេនោះទេ តែយើងប្រហែលជាអាចលើកទឹកចិត្តពួកគេថា ទោះពួកគេសម្រេចចិត្តធ្វើអ្វីក៏ដោយ ពួកគេត្រូវធ្វើដោយវិញ្ញាណដែលស្រគត់ស្រគំ។
នៅក្នុងពិភពលោកដែលយើងកំពុងតែរស់នៅ ពាក្យសេចក្តីប្រាថ្នាធំ និង…
តើអ្នកទុកចិត្តគ្រឿងសឹករបស់អ្នកទេ?
ក្នុងនាមខ្ញុំជាអ្នកនិពន្ធវ័យក្មេង ជាញឹកញាប់ ខ្ញុំបានធ្វើការធានា ចំពោះខ្លួនឯង ពេលដែលខ្ញុំកំពុងចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ។ ខ្ញុំមើលទៅជុំវិញខ្លួនខ្ញុំ ឃើញសុទ្ធតែយក្សនៅពេញក្នុងបន្ទប់ គឺអ្នកដែលបានទទួលការបណ្តុះបណ្តាលជាផ្លូវការ និងមានបទពិសោធន៍ច្រើនឆ្នាំ។ កាលនោះ ខ្ញុំមិនបានទទួលការបណ្តុះបណ្តាលជាផ្លូវការ ហើយក៏មិនមានបទពិសោធន៍ច្រើនដែរ។ ប៉ុន្តែ អ្វីដែលខ្ញុំមាននោះ គឺត្រចៀក ដែលស៊ាំនឹងភាសា និងតុង ព្រមទាំងការលើកដាក់សម្លេង តាមព្រះគម្ពីរប៊ីប បកប្រែសម័យ King James។ វាជាគ្រឿងសឹកដ៏ល្អណាស់ ដែលខ្ញុំធ្លាប់តែប្រើ ហើយវាបានជួយដល់រចនាបថនៃការនិពន្ធរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអំណរ និងជួយអ្នកដទៃឲ្យមានក្តីសង្ឃឹមផងដែរ។
យើងប្រហែលជាមិនបានដឹងទេថា ដាវីឌ ដែលជាអ្នកគង្វាលវ័យក្មេង មានការពិបាកយ៉ាងណា ពេលដែលគេឲ្យគាត់ប្រើអាវក្រោះរបស់ស្តេចសូល ដើម្បីប្រយុទ្ធនឹងកូលីយ៉ាត(១សាំយ៉ូអែល ១៧:៣៨-៣៩)។ អាវក្រោះនោះ ធ្វើឲ្យគាត់មិនអាចចូលប្រយុទ្ធបាន ព្រោះវាធំពេក។ ដាវីឌក៏បានដឹងថា អាវក្រោះរបស់មនុស្សម្នាក់ អាចធ្វើជាគុកសម្រាប់មនុស្សម្នាក់ទៀត បានជាគាត់ទូលស្តេចសូលថា “ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ”(ខ.៣៩)។ ដូចនេះ គាត់ក៏បានទុកចិត្តអ្វីដែលគាត់ដឹង។ ព្រះទ្រង់បានរៀបចំខ្លួនគាត់ សម្រាប់ពេលនោះឯង ដោយប្រទានអ្វីដែលគាត់ត្រូវការ(ខ.៣៤-៣៥)។ ដាវីឌធ្លាប់តែប្រើខ្សែដង្ហក់ និងគ្រាប់គ្រួស ធ្វើជាគ្រឿងសឹករបស់គាត់ ហើយព្រះជាម្ចាស់ក៏បានប្រើគ្រឿងសឹកនោះ ដើម្បីនាំក្តីអំណរ ដល់ជួរទ័ពរបស់ពួកអ៊ីស្រាអែលនៅសម័យនោះ។
តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនដឹងច្បាស់អំពីខ្លួនឯង ដោយគិតថា បើសិនជាខ្ញុំមានអ្វី ដែលអ្នកដទៃមាន នោះជីវិតខ្ញុំនឹងមានការផ្លាស់ប្តូរខុសពីនេះ? សូមពិចារណា…
ការជួបជុំឡើងវិញនៅចុងបញ្ចប់
កាលខ្ញុំនៅរៀន ខ្ញុំបានចាប់ចិត្តស្រឡាញ់នារីម្នាក់ ឈ្មោះ សារ៉ាលីន(Saralyn)។ នាងមានសម្លេងសើចដែលពិរោះអស្ចារ្យលើសគេ។ ខ្ញុំមិនដឹងច្បាស់ថា នាងបានដឹងខ្លួនថា ខ្ញុំស្រឡាញ់នាងឬអត់ទេ ប៉ុន្តែ ខ្ញុំសង្ស័យថា នាងប្រហែលជាដឹង។ បន្ទាប់ពីយើងរៀនចប់ យើងក៏បាត់ការទាក់ទង។ ជីវិតរបស់យើងក៏បានធ្វើដំណើរតាមទិសដៅផ្សេងគ្នា។
ក្រោយមក ខ្ញុំក៏បានបន្តការទំនាក់ទំនងជាមួយមិត្តរួមថ្នាក់របស់ខ្ញុំ នៅតាមបណ្តាញអ៊ីនធើណិត ហើយខ្ញុំក៏មានទុក្ខជាទម្ងន់ ពេលដែលបានទទួលដំណឹងថា សារ៉ាលីនបានលាចាកលោកហើយ។ ខ្ញុំចង់ដឹងអំពីទិសដៅនៃជីវិតរបស់នាង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការបាត់បង់មិត្តភក្តិ និងសមាជិកគ្រួសាររបស់ខ្ញុំ បានបន្តកើតមាន ខណៈពេលដែលខ្ញុំមានវ័យកាន់តែចាស់។ ប៉ុន្តែ មនុស្សជាច្រើនបានជៀសវាងការជជែកគ្នា អំពីបញ្ហានេះ។
ខណៈពេលដែលយើងនៅមានទុក្ខព្រួយ យើងអាចមានសង្ឃឹមថា សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់ឡើយ គឺដូចដែលសាវ័កប៉ុលបានបង្រៀនក្នុងបទគម្ពីរ ១កូរិនថូស ១៥:៥៤-៥៥។ បន្ទាប់ពីការស្លាប់ គឺមានការរស់ឡើងវិញ។ សាវ័កប៉ុលបានមានប្រសាសន៍អំពីក្តីសង្ឃឹមនេះ ដោយផ្អែកទៅលើការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ ដែលពិតជាបានកើតឡើងមែន(ខ.១២) ហើយគាត់ក៏បានមានប្រសាសន៍ទៀតថា “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ”(ខ.១៤)។ បើសិនជាយើងមានក្តីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងពិតជាគួរឲ្យអាណឹតណាស់(ខ.១៩)។
ថ្ងៃមួយ យើងនឹងបានជួបពួកគេម្តងទៀត គឺជួបអ្នកដែលបាន “គេងលក់នៅក្នុងព្រះគ្រីស្ទ”(ខ.១៨) ដែលអាចជាជីដូនជីតា ឪពុកម្តាយ មិត្តភក្តិ និងអ្នកជិតខាង ឬសូម្បីតែមិត្តរួមថ្នាក់ដែលយើងធ្លាប់ស្រឡាញ់ក៏ដោយ។
សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់ទេ។…
ហេតុផលដែលត្រូវច្រៀងសរសើរព្រះអង្គ
ក្នុងនាមខ្ញុំជាមនុស្សដែលរស់នៅ តាមគោលការណ៍ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានទទួលបរាជ័យដ៏ធំមួយ។ តើខ្ញុំបានធ្វើអ្វីខុស? គឺខ្ញុំបានគេងលក់។ ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំឲ្យត្រឡប់មកផ្ទះវិញ តាមពេលដែលខ្ញុំកំណត់ នៅពេលយប់ ដែលពួកគេ ចេញទៅក្រៅ។ ពួកគេជាក្មេងល្អ ប៉ុន្តែ ខ្ញុំមានទម្លាប់រង់ចាំពួកគេត្រឡប់មកផ្ទះវិញ ទាល់តែខ្ញុំបានឮសម្លេងពួកគេបើកគន្លឹះទ្វារចូលផ្ទះ។ ខ្ញុំចង់ឃើញពួកគេត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ខ្ញុំមិនចង់អង្គុយចាំពួកគេទេ តែខ្ញុំបានសម្រេចចិត្តអង្គុយចាំពួកគេ។ ប៉ុន្តែ នៅពេលយប់មួយ ខ្ញុំអង្គុយចាំទាល់តែគេងលក់ ហើយពេលខ្ញុំភ្ញាក់ដឹងខ្លួន ឃើញកូនស្រីខ្ញុំញញឹម ហើយនិយាយប្រាប់ខ្ញុំថា នាងបានមកដល់ផ្ទះដោយសុវត្ថិភាពហើយ ខ្ញុំគួរតែចូលគេង។ ទោះឪពុកទាំងឡាយមានបំណងល្អយ៉ាងណាក៏ដោយ ជួនកាល ពួកគេគេងលក់ នៅពេលដែលពួកគេកំពុងអង្គុយចាំកូនត្រឡប់មកផ្ទះវិញ។ នេះជារឿងធម្មតាទេ ដែលយើងមានភាពកម្សោយ ក្នុងនាមយើងជាមនុស្ស។
ប៉ុន្តែ រឿងនេះមិនដែលកើតឡើងចំពោះព្រះជាម្ចាស់ឡើយ។ បទគម្ពីរទំនុកដំកើង ១២១ ជាបទចម្រៀងដែលបានរំឭកយើងថា ព្រះអង្គជាអ្នកយាម និងការពារកូនៗរបស់ទ្រង់។ អ្នកនិពន្ធបទទំនុកដំកើងនេះបានប្រកាស់ថា ព្រះដែលថែរក្សាយើង ទ្រង់មិនដែល “ងោកងុយឡើយ”(ខ.៣)។ គាត់ក៏បានលើកយកសេចក្តីពិតនេះមកនិយាយម្តងទៀត ក្នុងខ.៤ ដើម្បីសង្កត់ធ្ងន់ថា “ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ”។
អ្នកឃើញទេ ព្រះជាម្ចាស់មិនដែលងោកងុយឡើយ។ ទ្រង់តែងតែមើលថែយើង ដែលជាកូនប្រុសស្រីរបស់ទ្រង់ជានិច្ច។ ទ្រង់បានសម្រេចព្រះទ័យមើលថែយើង ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់។ នេះជាព្រះបន្ទូលសន្យា ដែលយើងគួរតែយកមកច្រៀងសរសើរព្រះអង្គ។—JOHN BLASÉ
អ្វីដែលត្រូវអួត
តើធ្វើដូចម្តេចឲ្យយើងអាចបង្ហាញភាពពិតរបស់យើង? នេះជាសំណួរដ៏ធំមួយ ដែលត្រូវបានឆ្លើយ ក្នុងកូនសៀវភៅរឿងកុមារ ដែលមានចំណងជើងថា តុក្កតាទន្សាយដែលផលិតពីក្រណាត់កាំម្ញី ។ រឿងនេះនិយាយអំពីគ្រឿងលេងរបស់កុមារ ដែលក្នុងនោះតួអង្គតុក្កតាទន្សាយដែលគេបានផលិតពីក្រណាត់កាំម្ញី ព្យាយាមធ្វើខ្លួនវាឲ្យក្លាយជាសត្វទន្សាយពិតៗ ដោយធ្វើឲ្យក្មេងម្នាក់ស្រឡាញ់វា។ ក្នុងចំណោមគ្រឿងក្មេងលេងដទៃទៀត មានតុក្កតាសត្វសោះមួយដែលគេផលិតពីស្បែកសត្វ។ វាមានវ័យចំណាស់ ហើយមានប្រាជ្ញា។ វាបានឃើញគ្រឿងក្មេងលេង ដែលមានគ្រឿងម៉ាស៊ីននៅខាងក្នុងបានមកដល់ ហើយបានអួតអាង ប៉ុន្តែ មិនយូរប៉ុន្មានគ្រឿងក្មេងលេងទាំងនោះក៏បានបែកបាក់ ឬខូច ហើយគេក៏បានទិញគ្រឿងក្មេងលេងផ្សេងទៀតមកជំនួស។ ពួកវាមានរូបរាង្គ និងបញ្ចេញសម្លេងដែលគួរឲ្យស្ញើចសរសើរ ប៉ុន្តែ ការអួតក្អេងក្អាងរបស់ពួកវានឹងលែងមានប្រយោជន៍នៅទីបំផុត ដោយសារមនុស្សមិនបានស្រឡាញ់វាជារៀងរហូតនោះទេ។
ការអួតក្អេងក្អាង ពីដំបូងមើលទៅរឹងប៉ឹងណាស់ ប៉ុន្តែ នៅទីបញ្ចប់ វានឹងសាបរលាបទៅវិញ។ ព្រះគម្ពីរយេរេមាបានចែងអំពីអំណួត នៅក្នុងរឿងបីយ៉ាង ដែលមានដូចជា “ប្រាជ្ញា … កម្លាំង … និងទ្រព្យសម្បត្តិ”(យេរេមា ៩:២៣)។ ហោរាយេរេមាដែលប្រកបដោយប្រាជ្ញា បានរស់នៅយូរល្មមនឹងដឹង អំពីផលវិបាកនៃអំណួត ហើយគាត់ក៏បានប្រឆាំងនឹងអំណួតទាំងនោះ ដោយប្រើសេចក្តីពិតរបស់ព្រះអម្ចាស់ ដូចដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ”(ខ.២៤)។
ចូរយើងដែលជាកូនព្រះ អួតតែអំពីព្រះជាម្ចាស់ ដែលជាព្រះបិតាដ៏ល្អរបស់យើង។ នៅក្នុងរឿងនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ ដែលកំពុងតែបើកសម្តែង យើងចាំបាច់ត្រូវមានការលូតលាស់ ដោយការបន្ទាបខ្លួនកាន់តែខ្លាំង តាមភាពពិតជាក់ស្តែងរបស់យើង។—JOHN…
អនុវត្តនូវអ្វីដែលខ្លួនបានបង្រៀន
លោកយូជិន ភីធ័រសិន(Eugene Peterson) គឺជាគ្រូគង្វាល និងអ្នកនិពន្ធម្នាក់ ដែលមានឱកាសស្តាប់ការបង្រៀន របស់លោកប៉ុល ទួរនា(Paul Tournier) ដែលជាវេជ្ជបណ្ឌិត និងអ្នកប្រឹក្សាយោបលគ្រូគង្វាល ដែលបានទទួលការគោរពពីមនុស្សជាច្រើន។ លោកភីធ័រសិនបានអានអត្ថបទ ដែលនិយាយអំពីការងាររបស់លោកវេជ្ជបណ្ឌិត ហើយក៏បានកោតសរសើរវិធីសាស្រ្តដែលគាត់ប្រើ នៅក្នុងការព្យាបាលជម្ងឺ។ ការបង្រៀននៅថ្ងៃនោះ បាននាំឲ្យលោកភីធ័រសិនមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះគាត់។ ពេលដែលគាត់បានស្តាប់ការបង្រៀននោះ គាត់យល់ថា លោកទួរនាបានរស់នៅ ដូចអ្វីដែលខ្លួននិយាយ ហើយក៏បាននិយាយ ស្របតាមការរស់នៅរបស់ខ្លួន។ អ្វីដែលគាត់ចាប់អារម្មណ៍បំផុត នៅថ្ងៃនោះ គឺការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន។
ការរស់នៅឲ្យស្របនឹងអ្វីដែលខ្លួនបង្រៀន គឺមានភាពចាំបាច់ណាស់។ សាវ័កយ៉ូហានបាននិយាយសង្កត់ធ្ងន់ថា “អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្តីងងឹត ដរាបដល់សព្វថ្ងៃនេះ”(១យ៉ូហាន ២:៩)។ បានសេចក្តីថា បើយើងមិនស្រឡាញ់បងប្អូនរួមជំនឿរបស់យើងទេ នោះការរស់នៅរបស់យើង មិនស្របនឹងពាក្យសម្តីរបស់យើងទេ។
លោកយ៉ូហានក៏បាននិយាយទៀតថា អ្នកទាំងនោះ “មិនដឹងជាខ្លួនទៅឯណាផង”(ខ.១១) បានសេចក្តីថា សេចក្តីងងឹតបានបំបាំងភ្នែកគេហើយ។
សេចក្តីងងឹតនឹងឈប់បាំងភ្នែកយើងទៀត ពេលដែលយើងរស់នៅឲ្យត្រូវតាមបំណងព្រះទ័យព្រះ ដោយដើរតាមពន្លឺនៃព្រះបន្ទូលទ្រង់។ ជាលទ្ធផល យើងនឹងមានទស្សនៈដែលត្រូវនឹងព្រះទ័យព្រះ ដោយមានគំនិតភ្លឺច្បាស់ ហើយការប្រព្រឹត្តរបស់យើង នឹងសមស្របនឹងការបង្រៀនរបស់យើង។ ពេលអ្នកដទៃសង្កេតមើលយើង គេនឹងចាប់អារម្មណ៍ចំពោះព្រះដែលយើងដឹងច្បាស់ថា យើងកំពុងតែដើរតាម។ —JOHN BLASÉ